ខេត្តកំពង់ធំ៖ កាលពីល្ងាចថ្ងៃអាទិត្យទី ១៤ ថ្ងៃមិថុនាឆ្នាំ ២០២៦ លោក ស៊ូ ចាន់ទ្រី តំណាងក្រុមសប្បុរសជនជួយស្រុកកំណើត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៩១ម៉ឺនរៀល ទៅប្រគល់ជូនលោកយាយ ម៉ៅ អ៊ន អាយុ ៩១ឆ្នាំ ដែលកំពុងមានជំងឺធ្ងន់ និងសម្រាកព្យាបាលនៅលំនៅឋាន ស្ថិតក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សកម្មភាពនេះ មិនត្រឹមតែជាការផ្តល់ជំនួយថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅដល់ក្រុមគ្រួសារដែលកំពុងប្រឈមនឹងការលំបាកផងដែរ។
ថវិកាដែលបានប្រគល់ជូន គឺកើតចេញពីសទ្ធាជ្រះថ្លា និងការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនសប្បុរសជន ដែលមានដើមកំណើតនៅក្នុងភូមិពោធិ៍សែនស្នាយ និងមានបំណងរួមគ្នាជួយដល់អ្នកដែលកំពុងត្រូវការលើកទឹកចិត្តនិងផ្តល់ជំនួយ។

លោក ស៊ូ ចាន់ទ្រី បានលើកឡើងថា សមាជិកក្រុមការងារទាំងអស់មានគោលបំណងរួមគ្នាមួយ គឺចង់ឃើញសហគមន៍របស់ខ្លួន មានភាពកក់ក្តៅ និងមិនទុកឱ្យអ្នកខ្វះខាតប្រឈមការលំបាកតែម្នាក់ឯង។ ទោះបីម្នាក់ៗមានលទ្ធភាពខុសគ្នាក៏ដោយ ប៉ុន្តែសុទ្ធតែបានចូលរួមតាមធនធានដែលខ្លួនមាន ដើម្បីជួយសម្រាលបន្ទុកដល់ចាស់ជរា និងគ្រួសារសិស្សជួបការលំបាកក្នុងភូមិ។

ក្នុងឱកាសនោះក្រុមគ្រួសារ កូនចៅ និងសាច់ញាតិរបស់លោកយាយ ម៉ៅ អ៊ន បានសម្តែងនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃរបស់ក្រុមសប្បុរសជននិងជូនពរឱ្យក្រុមការងារទទួលបានសុខភាពល្អ សេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ចការងារ។ ក្រុមគ្រួសារបានឱ្យដឹងថា ដោយសារស្ថានភាពជំងឺរបស់លោកយាយមានសភាពធ្ងន់ធ្ងរ ដាច់បាយដាច់ទឹក និងវង្វេងលែងស្គាល់កូនចៅហើយថ្ងៃស្អែក សាច់ញាតិបានមូលមតិគ្នារៀបចំពិធីសង្ឃទានជូនលោកយាយ ដើម្បីសន្សំកុសល និងលើកទឹកចិត្តដល់គាត់ក្នុងដំណាក់កាលដ៏លំបាកនេះ។

ជាមួយគ្នានេះ លោក ស៊ូ ចាន់ទ្រី ក៏បានបញ្ជាក់ថា ក្រុមការងារសប្បុរសជននឹងបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនទៅមុខទៀត ដោយស្វែងរកការចូលរួមពីសប្បុរសជននានា ដើម្បីជួយដល់ជនចាស់ជរា គ្រួសារទូរគត និងគ្រួសារសិស្សក្រីក្រផ្សេងៗទៀត ដែលកំពុងត្រូវការជំនួយក្នុងសហគមន៍។

សកម្មភាពដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទោះបីជាជំនួយមានទំហំតិច ឬច្រើនក៏ដោយ ប៉ុន្តែការរួមចំណែកពីមនុស្សជាច្រើនអាចបង្កើតជាកម្លាំងដ៏ធំមួយ សម្រាប់ជួយលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់អ្នកដែលកំពុងជួបការលំបាក។ នេះគឺជាគំរូដ៏ល្អនៃវប្បធម៌ «ខ្មែរជួយខ្មែរ» ដែលគួរត្រូវបានលើកទឹកចិត្ត និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញឱ្យស្មារតីសប្បុរសធម៌បន្តរីកសាយភាយក្នុងសង្គម។