ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ូ ចាន់ទ្រី តំណាងក្រុមការងារសប្បុរសជនជួយស្រុកកំណើត បានដឹកនាំសមាជិកក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅចែករំលែកជូនលោកយាយ ខែក ធន់ អាយុ ៨៤ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
លោកយាយ ខែក ធន់ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំស្រយូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទោះបីជាលោកយាយមានវ័យចំណាស់ និងកំពុងសម្រាកព្យាបាលនៅលើគ្រែក៏ដោយ ប៉ុន្តែនៅពេលក្រុមការងារបានជម្រាបអំពីឈ្មោះ និងគោលបំណងរបស់ក្រុមសប្បុរសជន ដែលជាកូនក្មួយ អ្នកស្រុកកំណើតភូមិត្រពាំងវែងដូចគ្នា លោកយាយបានបង្ហាញទឹកចិត្តរីករាយ ងក់ក្បាលទទួលស្គាល់ និងរំឭកចងចាំពីអតីតកាលបានខ្លះ។

ទិដ្ឋភាពនោះ បានធ្វើឱ្យអ្នកនៅជុំវិញមានក្ដីរំភើប និងមើលឃើញថា វត្តមានរបស់កូនក្មួយ និងអ្នកស្រុកកំណើត បានផ្ដល់កម្លាំងចិត្តដ៏មានតម្លៃដល់លោកយាយ។
ក្នុងឱកាសនោះ លោក ស៊ូ ចាន់ទ្រី បានប្រគល់ថវិកាចំនួន ៥០ម៉ឺនរៀល ដែលជាការចូលរួមពីថវិកាផ្ទាល់ខ្លួន និងសប្បុរសជនមួយចំនួន ជូនដល់លោកយាយ ខែក ធន់ ដើម្បីជាការចែករំលែក និងលើកទឹកចិត្តនិងក្តីស្រឡាញ់រាប់អាន។
លោកស៊ូ ចាន់ទ្រីបានលើកឡើងថា៖
«ថវិកានេះ មិនមានចំនួនច្រើន ប៉ុន្តែជាសន្តានទឹកចិត្ត និងក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់យើងខ្ញុំទាំងអស់គ្នា ដែលចង់ចូលរួមចែករំលែកដោយសេចក្ដីគោរព ចំពោះអ្នកមានគុណ និងរក្សានូវវប្បធម៌នៃការជួយគ្នាទៅវិញទៅមក។ អ្វីដែលសំខាន់ជាងថវិកា គឺការបង្កើតឱកាសឱ្យមិត្តភក្តិ និងក្រុមការងារ បានមកសួរសុខទុក្ខដោយផ្ទាល់ ផ្ដល់កម្លាំងចិត្ត និងបង្ហាញថា លោកយាយមិនឯកោឡើយ»។

ជាមួយគ្នានេះ ក្រុមការងារសប្បុរសជនជួយស្រុកកំណើត ក៏បានថ្លែងអំណរគុណ និងសូមការយោគយល់អធ្យាស្រ័យពីក្រុមគ្រួសារ និងសាច់ញាតិរបស់លោកយាយ ដែលបានផ្ដល់ឱកាសឱ្យក្រុមការងារបានចូលរួមធ្វើសកម្មភាពសង្គមដ៏មានអត្ថន័យនេះ។
ក្រុមការងារបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ មិនមែនដោយសារតែក្រុមគ្រួសារលោកយាយខ្វះខាតការថែទាំនោះទេ ព្រោះកូនចៅ និងសាច់ញាតិរបស់លោកយាយ មានសមត្ថភាព និងកំពុងយកចិត្តទុកដាក់មើលថែអ្នកមានគុណរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ផ្ទុយទៅវិញ សកម្មភាពនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការលើកតម្កើងគុណតម្លៃនៃវប្បធម៌ខ្មែរ ដែលមិនបំភ្លេចអ្នកចាស់ទុំ និងអ្នកមានគុណនៅក្នុងសហគមន៍។

តាមរយៈសកម្មភាពតូចៗ ប៉ុន្តែពោរពេញដោយក្ដីមេត្តានេះ ក្រុមការងារសប្បុរសជនជួយស្រុកកំណើត សង្ឃឹមថា នឹងក្លាយជាកម្លាំងជំរុញឱ្យសង្គម បន្តរួមគ្នាធ្វើអំពើល្អ ចែករំលែកធនធាន ពេលវេលា និងក្ដីស្រឡាញ់ទៅកាន់អ្នកដទៃ ដើម្បីរួមចំណែកកសាងសង្គម ដែលពោរពេញដោយមនុស្សធម៌ ការគោរពអ្នកមានគុណ និងភាពកក់ក្ដៅរវាងមនុស្សនិងមនុស្ស។

