ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការរង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ កាពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បាននាំយក ស្បៀងអាហារគ្រឿង ឧបភោគបរិភោគ ប្រេងឥន្ធនៈ និងប្រគល់ភារៈកិច្ច ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការ នៅទីបញ្ជាការស្រាលចំនួន ០៤គោលដៅ នៅក្នុងស្រុកសន្ទុក ។ ដែលពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋបាលព្រៃឈើ អូរតាព្រហ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា: ដោយអនុវត្ត តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋាភិបាលខេត្តកំពង់ធំ បញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រូវសហការឱ្យបានល្អ ជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធកើតឡើងជាថ្មីទៀតបានឡើយ។ ជាមួយនោះផងដែរ ត្រូវគ្រប់គ្រង់ដី ដែលជនល្មើសលួចកាប់ទន្ទ្រាននាបណ្តាឆ្នាំកន្លងទៅ ដែលកងកម្លាំងចម្រុះ និងស្ថាប័ន ជំនាញបានដកហូត មកជាសម្បត្តិរដ្ឋរួចហើយ មិនឱ្យមានការបាត់បង់ទៅវិញបានឡើយ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការនៅទីបញ្ជាការស្រាលទាំង ០៤គោលដៅ បន្តសហការជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញ ដើម្បីស្រាវជ្រាវ រកមុខសញ្ញាមេក្លោង ដែលលួចកាប់ទន្ទ្រានព្រៃឈើ និងកាប់ដឹកជញ្ជូនឈើខុសច្បាប់ ដែលមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះ គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានប្រគល់ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដែលជាអំណោយរបស់ឯកឧត្ដម នួន ផារ័ត្ន ជូនដល់កងកម្លាំងដែលប្រចាំការ នៅទីបញ្ជាការស្រាលទាំង០៤គោលដៅ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារៈកិច្ច ។by pncnews

