(កំពង់ធំ)៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី២ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដែលដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៧ និងឆ្នាំ២០២៦ចុះ ដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន១០៦នាក់ ក្នុងនោះនាយទាហានដែលដល់អាយុចូលនិវត្តន៍ ចំនួន៥៣នាក់។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក វរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តកំពង់ធ លោក លោកស្រី មេបញ្ជាការរង,នាយសេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយការិយាល័យ,មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត និងយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ទាំងអស់ ចំណុះឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោក វរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពី យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៧ និងឆ្នាំ២០២៦ចុះជូនគណៈអធិបតី និងអង្គពិធីទាំងមូលជូនជ្រាប់ផងដែរ ។
ថ្លែងក្នុងនាឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានមតិសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់យោធិនទាំងអស់ នៃកងរាជអាវុធហត្ថកំពង់ធំ។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី មានប្រសាសន៍អំពីការដាក់យោធិនដល់អាយុចូលនិវត្តន៍គឺខុសៗគ្នា អាស្រ័យទៅតាមឋានន្តរសិក្តរបស់យោធិននិមួយៗ និងផ្អែកទៅលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជារបស់យើង និងបានពន្យល់បន្ថែមក្នុងការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមានការណែនាំពី ឯកឧត្ដម នាយឧត្តមសេនីយ៍ មេបញ្ជាការ អំពីអត្ថប្រយោជន៍ផ្សេងៗទៀតក្រោយចូលនិវត្តន៍ ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រីស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអរគុណដល់យោធិនគ្រប់រូប ដែលខិតខំប្រឹងបំពេញការងាររបស់ខ្លូននាពេលកម្លងបានល្អ និងមានភាពទទួលខុសត្រូវខ្ពស់ និងជូនពរយោធិនទាំងអស់ មានសុខភាពល្អដើម្បីដឹកនាំក្រុមគ្រួសារបន្តឱ្យរីកចម្រើនទៅទៀតនិងមានជីវភាពល្អប្រសើរ។pncnews

