(​កំពង់ធំ)៖ ថ្នាក់ដឹកនាំសុខាភិបាល និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាមដោយផ្ទាល់ និងបានបើកប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការឆ្លើយតប ក្រោយសង្កេតឃើញករណីជំងឺនេះមានការកើនឡើងជាលំដាប់នៅផ្នែកកុមារ។

​សកម្មភាពនេះបានធ្វើឡើងនា រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញដឹកនាំដោយ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក និងលោកវេជ្ជបណ្ឌិត ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ព្រមទាំងសហការីពាក់ព័ន្ធ។

​ករណីជំងឺគ្រុនឈាមកុមារមានការកើនឡើង
​បន្ទាប់ពីបានចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅផ្នែកកុមាររួចមក ថ្នាក់ដឹកនាំបានប្រជុំពិភាក្សាភ្លាមៗជាមួយប្រធានផ្នែក គ្រូពេទ្យ និងមន្ត្រីជំនាញ ដើម្បីសិក្សាអំពីបញ្ហាប្រឈមចំពោះមុខ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

​ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖ ​ពង្រឹងកិច្ចសហការឱ្យគ្រប់ផ្នែក និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងមន្ទីរពេទ្យ ចូលរួមសហការ និងជួយគាំទ្រដល់ផ្នែកកុមារតាមតម្រូវការចាំបាច់។ ​ធានាគុណភាពព្យាបាលរៀបចំការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។អត្ថបទ pncnews