
កំពង់ធំ៖ សហគមន៍បន្លែសុវត្ថិភាព ភូមិល្វាជោម ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងបង្ហាញពីភាពជោគជ័យក្នុងការផលិតបន្លែសុវត្ថិភាព ដែលមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាពរបស់កសិករឱ្យកាន់តែប្រសើរឡើងផងដែរ។

ក្នុងឱកាសចុះសិក្សាស្វែងយល់នៅសហគមន៍នាល្ងាចថ្ងៃទី៦ខែសីហាឆ្នាំ២០២៦ លោកស្រី ង៉ែត ណារីនប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ រួមជាមួយមន្ត្រី និងក្រុមការងារ បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ ខណៈកសិករកំពុងមមាញឹកប្រមូលផលបន្លែជាច្រើនមុខ រួមមាន ត្រសក់ស្រូវ សណ្ដែកកួរ ននោង ត្រឡាច ស្ពៃ ជី និងដំណាំបន្លែផ្សេងៗ ដើម្បីលាងសម្អាតក្នុងបរិវេណសហគមន៍សម្រាប់ផ្គត់ផ្គង់ តាមទីផ្សារ។

កសិករបានឱ្យដឹងថា បច្ចុប្បន្នបន្លែមួយចំនួនមានទីផ្សារល្អ។ ជាឧទាហរណ៍ ត្រសក់ស្រូវលក់ក្នុងតម្លៃបោះដុំប្រមាណ ១,៥០០រៀលក្នុងមួយគីឡូក្រាម ហើយក្នុងមួយថ្ងៃអាចប្រមូលផលបានពី ២០០ ទៅ ២៥០គីឡូក្រាម។ តាមការរៀបរាប់របស់កសិករ ការដាំលើផ្ទៃដីប្រមាណ ២០អារ អាចប្រមូលផលជា បន្តបន្ទាប់ក្នុងរយៈពេលប្រមាណ ៤០ថ្ងៃ និងទទួលបានចំណូលសរុបជាង ១០លានរៀល។

ចំណែកដំណាំសណ្ដែកកួរននោង និងត្រឡាច ក៏អាចរកចំណូលបានប្រហាក់ប្រហែលគ្នា អាស្រ័យលើរដូវ និងស្ថានភាពទីផ្សារ។ កសិករបានបញ្ជាក់ថា សហគមន៍បន្លែសុវត្ថិភាពភូមិល្វាជោម មានសមាជិកចំនួនបីភូមិ សរុប ៦៣គ្រួសារ ដែលកំពុងប្រកបមុខរបរដាំបន្លែវិលជុំ។ ភាពរីកចម្រើននេះ គឺទទួលបានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម អង្គការ AIMS និងអង្គការដៃគូផ្សេងទៀត តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស ផ្ដល់ពូជ ផ្ដល់សម្ភារៈកសិកម្ម និងពង្រឹងសមត្ថភាពគ្រប់គ្រងការផលិត។


ដោយឡែក កសិករមួយរូបនៅភូមិស្នែងក្របី ដែលប្រកបមុខរបរដាំស្ពៃ និងស្លឹកជីជាដំណាំរួមផ្សំជាមួយការធ្វើស្រែ បានឱ្យដឹងថា គាត់អាចប្រមូលផលរៀងរាល់មួយទៅពីរថ្ងៃម្ដង ដោយទទួលបានចំណូលប្រមាណ ក្រោម១០ ម៉ឺនរៀល ដោយដំណាំស្ពៃពិបាកដាំក្នុងរដូវវស្សា។ ទោះជា យ៉ាងណាក្តី ចំណូលនេះ អាចជួយសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូន និងការចំណាយចាំថ្ងៃក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ គាត់បានស្នើសុំឱ្យមន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍ ជួយគាំទ្រការសាងសង់រានរងដាំបន្លែឱ្យខ្ពស់ពីដី ដើម្បីអាចបន្តផលិតនៅរដូវវស្សា និងពង្រីកមុខរបរឱ្យមាននិរន្តរភាព។


បច្ចុប្បន្នបន្លែសុវត្ថិភាពពីសហគមន៍ភូមិល្វាជោមត្រូវបាននាំចែកចាយទៅកាន់ទីផ្សារនានាតាមបណ្ដាស្រុកមួយចំនួន ក្នុងខេត្តកំពង់ធំ និងបណ្ដាខេត្តជាប់ព្រំប្រទល់។ លើសពីនេះ អាជ្ញាធរខេត្តក៏បានរៀបចំ ផ្សារចុងសប្ដាហ៍ បច្ចុប្បន្នហៅផ្សារផលិតផលខ្មែរដើម្បីឱ្យកសិករនាំយក ផលិតផលខ្មែរមកតាំងបង្ហាញ និងលក់ដោយផ្ទាល់ ជួយពង្រីកទីផ្សារ និងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ចំពោះបន្លែសុវត្ថិភាពក្នុងស្រុក។

កសិករបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលកសិកម្មខ្មែរ និងបន្លែសុវត្ថិភាព ដែលជាការចូលរួមលើកកម្ពស់ជីវភាពកសិករ កាត់បន្ថយការនាំចូល និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ។



