កំពង់ធំ៖ ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងអាជ្ញាធរនៅខេត្តកំពង់ធំ បានរួមគ្នាបន្តដាំកូនឈើចំនួន ៣ម៉ឺន ៨ពាន់ដើម លើផ្ទៃដី ៥៤ហិកតា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ដើម្បីស្តារតំបន់ព្រៃឈើដែលបានរងការបាត់បង់ និងខូចខាតឡើងវិញ។

សកម្មភាពដាំកូនឈើនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការដឹកនាំពីក្រសួងបរិស្ថាន តាមរយៈគម្រោង PEARL និងមានការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន និងអាជ្ញាធរប្រមាណ ១៧០នាក់

ការដាំកូនឈើ គឺផ្តោតលើការស្តារព្រៃឡើងវិញនៅតំបន់ដែលរងការសឹករេចរឹល និងខូចខាត ដោយសារកត្តាធម្មជាតិ និងសកម្មភាពរបស់មនុស្ស។ ក្នុងនោះ តំបន់ព្រៃមួយចំនួនបានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ កត្តាធម្មជាតិ ។

ការស្តារតំបន់ព្រៃទាំងនេះឡើងវិញ ត្រូវបានរំពឹងថានឹងរួមចំណែកនាំយកគម្របព្រៃឈើដែលបានបាត់បង់មកវិញ ជួយការពារដី និងប្រភពទឹក គាំទ្រដល់ជីវចម្រុះ ព្រមទាំងបង្កើតឱ្យមានព្រៃឈើដែលមានសុខភាពល្អ សម្រាប់សហគមន៍អាស្រ័យផលនៅពេលអនាគត។

គម្រោង PEARL ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង មិនត្រឹមតែធ្វើការជាមួយសហគមន៍ក្នុងការដាំកូនឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការការពារព្រៃឈើដែលនៅសេសសល់ និងការថែទាំតំបន់ដែលទើបបានស្តារឡើងវិញ ដើម្បីធានាឱ្យកូនឈើអាចលូតលាស់ និងព្រៃឈើអាចស្តារឡើងវិញជាបន្តបន្ទាប់តាមពេលវេលា។

សកម្មភាពនេះ ត្រូវបានចាត់ទុកថាជាកិច្ចខិតខំរួមគ្នារវាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ក្នុងការស្តារធនធានព្រៃឈើ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងថែរក្សាធនធានធម្មជាតិឱ្យស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ។