(កំពង់ធំ)÷ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំការប្រឡងជ្រើសរើសយុវជនចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជអាវុធហត្ថចំនួន ១០០នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ។
គណៈកម្មការធ្វើការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើបេក្ខជនស្ម័គ្រចិត្តសរុបចំនួន ២៤៩នាក់ ត្រូវឆ្លងកាត់ចំនួន៧ដំណាក់កាល។ មានដូច វាស់កម្ពស់,ថ្លឹងទំនង់, ពិនិត្យឈាម, តេស្តទឹកនោមរកសាធាតុញៀន, ពិនិត្យកាយសម្បទា, ប្រឡងចំណេះដឹងទូទៅ និងកីឡា ( បញ្ជាក់ បេក្ខជនត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់បានអាចចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជអាវុធហត្ថបាន )។
ក្នុងឱកាសបើកវិញ្ញាសាប្រឡង លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការនៃស្នងការដ្ឋានកសាងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ នៃអនុគណៈកម្មការជ្រើសរើសយោធិន បានគូសបញ្ជាក់ថា ដំណើរការជ្រើសរើសមន្ត្រីរាជអាវុធហត្ថចូលបំពេញក្របខ័ណ្ឌរដ្ឋនេះ ត្រូវបានរៀបចំឡើងយ៉ាងម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុតដោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ទន្ទឹមនឹងនេះ លោកបានសម្តែងការអបអរសាទរចំពោះបេក្ខជនទាំង២៤៩នាក់ ដែលបានឆ្លងកាត់ការពិនិត្យសុខភាព ដោយលទ្ធផលតេស្តទឹកនោមបង្ហាញថា អវិជ្ជមានសារធាតុញៀន ព្រមទាំងមានកាយសម្បទារឹងមាំគ្រប់គ្រាន់។
លោកឧត្តមសេនីយ៍ទោបានបញ្ជាក់បន្ថែមថា វិញ្ញាសាប្រឡងចំណេះដឹងទូទៅ សម្រាប់បេក្ខជនក្នុងថ្ងៃនេះ រួមមាន៖ វិញ្ញាសាសរសេរតាមអាន, ភាសាអង់គ្លេស, រូបវិទ្យា, គីមីវិទ្យា និងគណិតវិទ្យា។ លោកបានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យរក្សាភាពក្លាហាន និងឧត្តមគតិជាកងកម្លាំងយោធពលខេមរភូមិន្ទ ដោយត្រូវប្រកួតប្រជែងគ្នាដោយផ្អែកលើចំណេះដឹងពិតប្រាកដដែលបានសិក្សាកន្លងមកពីកម្រិតមធ្យមសិក្សាទុតិយភូមិដល់ថ្នាក់សាកលវិទ្យាល័យ។
លោកឧត្តមសេនីយ៍ទោស្នងការ ត្រូវខិតខំប្រឹងប្រែងស្ដាប់គណៈកម្មាករណែនាំ ជាពិសេសលោកបានជូនពរឱ្យបេក្ខជនទាំងអស់ទទួលបានលទ្ធផលល្អ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «អ្នកចេះ គឺជាប់» ដែលនឹងត្រូវប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕ អត្ថបទ pncnews

