(កំពង់ធំ)៖ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋានខេត្តកំពង់ធំបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនិងបានជំរុញដល់ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់បញ្ហាសុខភាពរបស់កងកម្លាំងក្រោមឱវាទព្រឹកថ្ងៃចន្ទ ទី ៦ ខែ កក្កដា ឆ្នាំ២០២៦។
លោកបន្តថាដោយអនុវត្តតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានចាត់ឱ្យលោកនិងក្រុមការងារចុះសួរសុខទុក្ខដល់លោកស្រី វរសេនីយ៍ទោ ហ៊ុល សារ៉ន នាយរងការិយាល័យបណ្ដុះបណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសម្រាកព្យាបាលជំងឺ នៅកេហដ្ឋានរបស់លោកស្រី។
លោកបានពាំនាំផ្តាំផ្ញើសាកសួសុខទុក្ខពីថ្នាក់ដឹកនាំពិសេសឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តលោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខសុខុមាលភាពកងកម្លាំងនិងក្រុមគ្រួសារមន្ត្រីក្រោមឱវាទទោះបីជាស្ថិតក្នុងហេតុការណ៍ណាមួយនៅពេលដែលលោកទទួលដំណឹងមានមន្ត្រីជួបបញ្ហាប្រឈមលោកតែងតែដឹកនាំកងកម្លាំងឬចាត់តំណាងចុះអន្តរាគមន៍បានទាន់ពេលវេលាគឺមិនបោះបង់ចោលបងប្អូននាគ្រាជួបទុក្ខលំបាកឡើយ។
លោកបានណែនាំដល់អ្នកជំងឺសូមបន្តថែទាំសុខភាពតាមរយៈការធ្វើអនាម័យរស់នៅស្អាតបរិភោគស្អាត ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ទើបសុខភាពបងប្អូន ឆាប់ល្អបានប្រសើរឡើងវិញ និងបានណែនាំថ្នាក់ដឹកនាំគ្រប់ការិយាល័យជំនាញត្រូវត្រួតពិនិត្យនិងរាយការណ៍ជា
បន្ទាន់ប្រសិនបើមន្ត្រីមានបញ្ហា។
លោកស្រី ហ៊ុល សារ៉ន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី ដែលបានចាត់តំណាងចុះសាកសួរសុខទុក្ខព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារលោកស្រីស្របតាមតម្រូវការចាំបាច់ក្នុងការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ និងសូមគោរពជូនពរចំពោះលោកស្នងការ និងលោកស្រី និងក្រុមការងារទាំអស់ ទទួលបានសេចក្តីសុខនិងខិតខំបម្រើប្រជាពលរដ្ឋ ៕

