កំពង់ធំ៖ ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ» បានបើកជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយចាប់ផ្តើមចេញដំណើរពីគល់ស្ពានក្រុងស្ទឹងសែន ឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កីឡាករ កីឡាការិនី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីតំបន់ផ្សេងៗ ដែលបានរួមគ្នាជិះកង់ និងរត់ឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់អតីតរាជធានីឦសានបុរៈ។

ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់ខេត្តកំពង់ធំ ជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង និងលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងកីឡាឱ្យកាន់តែមានភាពរស់រវើក។
ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាសកម្មភាពកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្សារភ្ជាប់រវាងការហាត់ប្រាណ និងការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ អរិយធម៌ និងភាពរុងរឿងនៃអាណាចក្រចេនឡាមុនសម័យអង្គរ តាមរយៈការធ្វើដំណើរឆ្លងកាត់តំបន់ប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏បានបង្ហាញពីការរួមបញ្ចូលគ្នារវាងវិស័យកីឡា ទេសចរណ៍ វប្បធម៌ និងបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញទេសចរណ៍បែបវប្បធម៌ និងទេសចរណ៍កីឡា ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ» ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរជាតិសំបូរព្រៃគុក និងដៃគូវិស័យឯកជន ដើម្បីរួមចំណែកលើកតម្លៃបេតិកភណ្ឌជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។