
ភ្នំពេញ៖ នៅក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ អ្នកសារព័ត៌មានមកពីស្ថាប័ន និងអង្គភាពព័ត៌មាននានា ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសរុប ១៥៣នាក់ បានចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលពិសេសមួយ ស្តីពី «បញ្ញាសប្បនិម្មិត (AI) និងអនាគតវិស័យព័ត៌មានឌីជីថលនៅកម្ពុជា» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ក្នុងវគ្គសិក្សានាពេលព្រឹក គ្រូឧទ្ទេសនាមបានបង្ហាញយ៉ាងក្បោះក្បាយអំពីប្រវត្តិ និងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា AI ចាប់តាំងពីអតីតកាលឆ្នាំ១៩៥០ រហូតមកដល់បច្ចុប្បន្ន ដោយបានរៀបរាប់ស៊ីជម្រៅពី ចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន នៃ AI។

ការសង្កត់ធ្ងន់ចម្បងក្នុងវគ្គនេះ គឺការផ្លាស់ប្តូរការយល់ឃើញដោយចាត់ទុក «AI គឺជាជំនួយការ យ៉ាងសំខាន់» សម្រាប់អ្នកសារព័ត៌មានក៏ដូចជាកិច្ចការផ្សេងៗលើគ្រប់វិស័យ ប៉ុន្តែការប្រកាសប្រើប្រាស់ទាមទារដាច់ខាតនូវ ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដើម្បីធានានូវភាពត្រឹមត្រូវ និងទប់ស្កាត់ការរំលោភបំពានព័ត៌មាន។ដោយសារតែប្រធានបទនេះកំពុងជះឥទ្ធិពល និងធ្វើឱ្យអ្នកសារព័ត៌មានជាច្រើនបារម្ភផង និងចាប់អារម្មណ៍ផងអំពីតួនាទីរបស់ខ្លួនក្នុងសម័យឌីជីថល សិក្ខាកាមទាំងអស់បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ រួមទាំងបានចោទសួរនូវសំណួរគន្លឹះៗ និងសំខាន់ៗជាច្រើនជុំវិញការរៀបចំខ្លួន និងការប្រើប្រាស់ឧបករណ៍ AI ឱ្យមានប្រសិទ្ធភាព។

ឆ្លើយតបនឹងការចាប់អារម្មណ៍នេះ គ្រូឧទ្ទេសនាម របស់ក្រសួងប្រៃសណីយ៍និងទូរគមន៍ មិនត្រឹមតែបានបកស្រាយក្បោះក្បាយ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដឹកនាំ និងណែនាំសិក្ខាកាមទាំងអស់ឱ្យធ្វើការអនុវត្តផ្ទាល់ (Practical Application) យ៉ាងយកចិត្តទុកដាក់បំផុត។ ការបើកចិត្តទទួលយក និងការខិតខំក្រសោបយកចំណេះដឹងថ្មីនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់អ្នកសារព័ត៌មានកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯងឡើងវិញ (Reskill & Upskill) ដើម្បីបន្តបំពេញតួនាទីជាអ្នកផ្តល់ព័ត៌មានពិត ប្រកបដោយទំនួលខុសត្រូវ និងទាន់សម័យកាល ក្នុងសម័យកាលឌីជីថលនេះ។

នៅក្នុងពិធីបិទវគ្គ ចំណាប់អារម្មណ៍របស់លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានចំណាប់អារម្មណ៍លើកឡើងថា៖ អ្នកសារព័ត៌មានត្រូវប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលដោយមានការទទួលខុសត្រូវខ្ពស់ ត្រូវផ្តល់អាទិភាពលើការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងទំនុកចិត្តពីសាធារណជន។
តាមរយៈលទ្ធផលនៃការធ្វើលំហាត់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ប្រសិនបើអ្នកសារព័ត៌មានមួយចំនួនមិនទាន់ទទួលបានលទ្ធផលខ្ពស់នៅឡើយ នោះគួរចាត់ទុកជាឱកាសសម្រាប់ការកែលម្អ និងបង្កើនចំណេះដឹងបន្ថែម។ អ្នកសារព័ត៌មានត្រូវបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍជំនាញជាប្រចាំ ដើម្បីឱ្យស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃបរិយាកាសឌីជីថល។


ឯកឧត្តម ហាក់ សុខហេង រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ សិក្ខាកាមទាំងអស់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយការទទួលខុសត្រូវ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមបានលើកឡើងថា AI អាចជួយសម្រួលការងារអ្នកសារព័ត៌មាន ដូចជា ការស្រាវជ្រាវ បកប្រែឯកសារ កែលម្អអត្ថបទ និងពិនិត្យព័ត៌មានក្លែងក្លាយ ប៉ុន្តែអ្នកសារព័ត៌មានត្រូវតែធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ប្រភព និងភាពត្រឹមត្រូវ មុននឹងផ្សព្វផ្សាយជូនសាធារណជន។

ឯកឧត្តមបានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ ជាទុនសំខាន់សម្រាប់អ្នកសារព័ត៌មាន ក្នុងការបង្កើនចំណេះដឹង និងជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងលើកកម្ពស់គុណភាពការងារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់វាគ្មិន និងស្ថាប័នសហការទាំងអស់ ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជាឱ្យទាន់សម័យកាលឌីជីថល។


