កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជំរុញឱ្យគណៈអភិបាលស្រុកបារាយណ៍ និងអភិបាលរងស្រុកដែលទើបតែងតាំងថ្មី ប្រកាន់ខ្ជាប់នូវគោលការណ៍ «អភិបាលកិច្ចល្អ» ដោយបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិត និងភាពក្លាហានក្នុងការសម្រេចចិត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា អភិបាលកិច្ចល្អ គឺជាស្នូលនៃការកែទម្រង់គ្រប់វិស័យ។ ថ្នាក់ដឹកនាំត្រូវហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ ចេះបត់បែន និងប្រើប្រាស់គំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរធ្វើជាគំរូល្អ ចាប់ផ្តើមពីការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាននៅក្នុងអង្គភាពរបស់ខ្លួន មុនពង្រីកទៅការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានទាំងមូល។


ឯកឧត្តមនួនផារ័ត្ន ក៏បានអំពាវនាវឱ្យគណៈអភិបាលស្រុក ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនប្រសិទ្ធភាពការងារ ផ្តល់សេវាសាធារណៈដោយតម្លាភាព និងស្មោះត្រង់ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលមូលដ្ឋាន។