កំពង់ធំ៖ កម្ពុជាបានប្រារព្ធ ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក (World Ranger Day) នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅស្នាក់ការព្រះអាទិត្យនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីលើកតម្កើងវីរភាព ការលះបង់ និងការប្តេជ្ញាចិត្តរបស់មន្ត្រីឧទ្យានុរក្ស ដែលកំពុងឈរជួរមុខក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។

ទិវាមន្ត្រីឧទ្យានុរក្ស ត្រូវបានប្រារព្ធជារៀងរាល់ថ្ងៃទី៣១ ខែកក្កដា ចាប់តាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងរំលឹកដល់មន្ត្រីឧទ្យានុរក្សដែលបានពលីជីវិត ឬរងរបួសក្នុងពេលបំពេញបេសកកម្ម ព្រមទាំងលើកទឹកចិត្ត និងផ្តល់តម្លៃដល់អ្នកដែលនៅតែបន្តការពារព្រៃឈើ សត្វព្រៃ និងជីវ:ចម្រុះដោយមិនខ្លាចនឿយហត់។

នៅកម្ពុជា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែមានភារកិច្ចល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមស្រាវជ្រាវ និងតាមដានជីវ:ចម្រុះ ការពារ និងពន្លត់ភ្លើងឆេះព្រៃ ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយ និងកសាងភាពជាដៃគូជាមួយសហគមន៍មូលដ្ឋាន ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

ពិធីប្រារព្ធឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកំពង់ធំ មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអង្គការCI និងអង្គការដៃគូមួយចំនួន សរុបអ្នកចូលរួមប្រមាណ ១៤០នាក់។

ការរៀបចំពិធីនៅបេះដូងដែនជម្រកសត្វព្រៃព្រៃឡង់ មិនត្រឹមជាការអបអរសាទរទិវាមន្ត្រីឧទ្យានុរក្សកម្ពុជា និងមន្ត្រីឧទ្យានុរក្សពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន អង្គការស៊ីអាយ និងអង្គការដៃគូជាច្រើនទៀត ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ដែលកំពុងបំពេញបេសកកម្មការពារព្រៃឈើ និងធនធានធម្មជាតិ ដើម្បីរក្សាទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។


