(កំពង់ធំ) រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកស្រី លឹម ពីយោលីន អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ តំណាងលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត បានដឹកនាំក្រុមការងារផលិតព័ត៌មានបទយកការណ៍ ចុះពិនិត្យ និងស្វែងយល់ពីសកម្មភាព ដាំដំណាំបន្លែវិលជុំរបស់កសិករដែលជាសមាជិកចង្កោមអាជីវកម្មបន្លែសុវត្ថិភាពគម្រោងអេមស៍ នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ក្រុមការងារបានជួប ពិភាក្សា ជាមួយតំណាង មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ និងទីប្រឹក្សាគម្រោង AIMS ព្រមទាំងសំណេះសំណាល ជាមួយកសិករដែលកំពុងមមាញឹកដាំដុះបន្លែ ជាច្រើនប្រភេទ រួមមាន ស្ពៃ សាលាដ ជីឆាយ ត្រប់ សណ្ដែកកួរ ត្រសក់ ពោត និងល្ហុងជាដើម។

កសិករឈ្មោះ សុខ គឹមអេង និងប្រពន្ធឈ្មោះ ជិន សុខគីន បានឱ្យដឹងថា ការដាំដំណាំបន្លែវិលជុំតម្រូវឱ្យមានការខិតខំប្រឹងប្រែង និងចំណាយពេលវេលាច្រើន ប៉ុន្តែអាចឱ្យពួកគាត់ប្រមូលផល និងលក់បានជាប្រចាំ។ ជាក់ស្តែង ក្នុងខែសីហានេះ ការប្រមូលផលស្ពៃ ត្រសក់ ត្រប់ និងពោត ក្នុងមួយព្រឹក អាចរកចំណូលបានប្រមាណ២០ម៉ឺនទៅ៣០ម៉ឺនរៀល។ ទោះជាយ៉ាងណា ចំណូលនេះក៏ត្រូវចំណាយមួយផ្នែកទៅលើសម្ភារៈកសិកម្ម ជីកំប៉ុស និងធាតុចាំបាច់ផ្សេងៗសម្រាប់ការដាំដុះ។

ទោះបីការងារដាំបន្លែមានការនឿយហត់ក្តី កសិករទាំងពីរនាក់ប្តីប្រពន្ធបានបញ្ជាក់ដោយក្តីរីករាយថា មុខរបរនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។ ក្រៅពីអាចផ្គត់ផ្គង់ការសិក្សារបស់កូនៗ ពួកគាត់ក៏អាចសន្សំប្រាក់ ទិញម៉ូតូ និងសាងសង់ផ្ទះថ្មីសម្រាប់គ្រួសារផងដែរ។

ជាមួយគ្នានេះ កសិករបានថ្លែងអំណរគុណដល់ស្ថាប័ននានា និងដៃគូពាក់ព័ន្ធ ដែលបានជួយបណ្តុះបណ្តាល និងផ្តល់សម្ភារៈគាំទ្រដល់ការដាំដំណាំបន្លែ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏ស្នើសុំឱ្យគម្រោងទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពជួយផ្តល់អណ្តូងទឹកបំពាក់ប្រព័ន្ធសូឡា ដើម្បីជួយដោះស្រាយបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពដំណាំ ជាពិសេសក្នុងរដូវប្រាំង។

លោក លឹម ប៊ុនឈាន់ ក្នុងនាមមន្ទីរពាណិជ្ជកម្ម និងជាប្រធានការិយាល័យអនុវត្តគម្រោង និងលោក សាំង ចរិយា ទីប្រឹក្សាខ្សែច្រវាក់តម្លៃវិនិយោគ ( VCI)
បានលើកឡើងពីសកម្មភាពចូលរួមរៀបចំ និងពង្រឹងចង្កោមអាជីកម្មបន្លែសវត្ថិភាព សម្រាប់កសិករដាំបន្លែវិលជុំ កសិករចិញ្ចឹមមាន់ស្រែ និងសហគមន៍កសិករបណ្តុះពូជស្រូវសុទ្ធ។

តាមរយៈគម្រោងទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) កសិករគោលដៅក៏ទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងជំនួយឥតសំណងមួយចំនួន ដូចជា ផ្ទះសំណាញ់ សម្ភារៈសម្រាប់ស្រោចស្រព និងការថែទាំដំណាំ ព្រមទាំងការជួយសម្របសម្រួលស្វែងរកទីផ្សារ។ លើសពីនេះ ក៏មានការរៀបចំវេទិកា វេទិកាពហុភាគីអ្នកពាក់ព័ន្ធ(MSP) តភ្ជាប់រវាងកសិករ អ្នកទិញ អ្នកលក់ អ្នកផ្តល់សេវា និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការតភ្ជាប់ទីផ្សារ និងបង្កើនឱកាសលក់ផលិតផលកសិកម្ម។

ដោយឡែក សម្រាប់ទិសដៅបន្ត មន្ទីរពាណិជ្ជកម្ម និងគម្រោងទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) នឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រកសិករគោលដៅ តាមរយៈការពង្រឹងចង្កោមផលិតកម្ម ការតភ្ជាប់ទីផ្សារ និងការគាំទ្រដែលសមស្របទៅនឹងតម្រូវការជាក់ស្តែង ដើម្បីរួមចំណែកធ្វើឱ្យការប្រកបរបរកសិកម្មរបស់ប្រជាកសិករ កាន់តែមានប្រសិទ្ធភាព និងជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់។