កំពង់ធំ៖ នៅពេលប្រជាពលរដ្ឋកំពុងស្វែងរកក្តីសង្ឃឹមពីការព្យាបាលជំងឺ ការធានាថា ថ្នាំដែលពួកគេយកទៅប្រើប្រាស់មានសុវត្ថិភាព មានប្រភពច្បាស់លាស់ និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ជារឿងមិនអាចមើលរំលងបានឡើយ។ បញ្ហាមួយកំពុងលេចឡើងនៅទីតាំងព្យាបាលជំងឺតាមបែបជំនឿរបស់លោកគ្រូ ជឿន ហៅ «គ្រូទេវតា» ស្ថិតនៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងទាក់ទាញប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗជាច្រើនឱ្យមកសម្រាក និងទទួលការព្យាបាល។

ក្រៅពីការមកទទួលការព្យាបាល ក្រុមការងារសារព័ត៌មានបានសង្កេតឃើញថា ការលក់ «ថ្នាំកញ្ចប់ ឱសថបុរាណ»នៅជុំវិញទីតាំងនេះ ក៏កំពុងមានការចាប់អារម្មណ៍ និងលើកជាសំណួរពីសាធារណជន ជុំវិញប្រភព គុណភាព និងសុវត្ថិភាព។ « ថ្នាំកញ្ចប់ឱសថបុរាណ » ទាំងនោះ ត្រូវបានអះអាងតៗគ្នាថា អាចប្រើសម្រាប់បញ្ហាសុខភាពជាច្រើនប្រភេទ ដូចជា ជំងឺសរសៃ ស្ពឹកស្រពន់ និងបញ្ហាឌីសជាដើម។


ប៉ុន្តែចំណុចដែលគួរឱ្យព្រួយបារម្ភ គឺរបៀបវេចខ្ចប់ និងព័ត៌មានដែលភ្ជាប់មកជាមួយថ្នាំ។ «ថ្នាំកញ្ចប់ ឱសថបុរាណ» មួយចំនួនមានលក្ខណៈជាចំណិតឈើ ឬវត្ថុធាតុដើមស្ងួត ច្រកក្នុងថង់ប្លាស្ទិក និងចងជាកញ្ចប់យ៉ាងសាមញ្ញបំផុត ដោយមិនឃើញមានស្លាកសញ្ញាបញ្ជាក់អំពីសមាសធាតុ ប្រភពផលិត របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ ឬការប្រុងប្រយ័ត្នផ្សេងៗឡើយ។

ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់សាធារណជន និងក្រុមការងារសារព័ត៌មាន លោក ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦ បានបញ្ជាក់ពីស្ថាប័នជំនាញ របស់លោកមិនបានមើលរំលងបញ្ហានេះឡើយ។ លោកប្រធានមន្ទីរបានមាន ប្រសាសន៍បញ្ជាក់ថា៖ «តាមពិត ថ្នាំហ្នឹងគឺខ្ញុំបានឱ្យក្រុមការងារ ទៅទិញពីគាត់ផ្ទាល់ ហើយយកទៅចូលនៅក្នុងមន្ទីរពិសោធន៍របស់មន្ទីរពិសោធន៍ជាតិ។ គាត់ (ក្រុមការងារ) ព្រួយបារម្ភក្រែងលោគាត់យកទៅត្រាំជាតិគីមីអ្វីផ្សេងក្រៅពីវត្ថុធាតុ ដើម របស់គាត់ ហើយកិច្ចការនេះគឺខ្ញុំបានធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំ ក្រសួងរៀងរាល់សប្តាហ៍»។


ការបញ្ជាក់ពីខាងមន្ទីរសុខាភិបាលខេត្ត កំពង់ធំ បានបង្ហាញពីចំណាត់ការ និងយកចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរជំនាញ ក្នុងការឆ្លើយតបចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសិទ្ធិស្វែងរកការព្យាបាលតាមជំនឿ ឬវិធីបុរាណ ប៉ុន្តែការត្រួតពិនិត្យផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រពីស្ថាប័នជំនាញ គឺជាខែលការពារ ដ៏សំខាន់បំផុត ដើម្បីធានាថាឱសថទាំងនោះមិនមានសារធាតុគីមីគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់ឡើយ។

សាធារណជនកំពុងរង់ចាំមើលលទ្ធផលនៃការធ្វើកោសល្យវិច័យពីមន្ទីរពិសោធន៍ជាតិ ដើម្បីឱ្យដឹងកាន់តែច្បាស់ អំពីសមាសធាតុផ្សំ និងសុវត្ថិភាពនៃ «ថ្នាំកញ្ចប់ ឱសថបុរាណ» ទាំងនោះនាពេលខាងមុខ។
