កំពង់ធំ: មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានបន្តចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ ស្តីពីវិធីសាស្ត្រទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម ខណៈរយៈពេលប្រមាណ ២០ថ្ងៃកន្លងមកនេះ ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្ត មានការកើនឡើងគួរឱ្យព្រួយបារម្ភ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ធំ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត កែ វដារី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

លោកវេជ្ជបណ្ឌិត កែ វដារី បានមានប្រសាសន៍ថា ក្នុងអំឡុងពេលប្រមាណ ២០ថ្ងៃនៃការផ្ទុះជំងឺគ្រុនឈាម មានអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមធ្យមប្រមាណ ៥០នាក់ក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ស្ថានភាពបានថយចុះបន្តិច ដោយមានអ្នកជំងឺមកសម្រាកព្យាបាលប្រមាណ ៣០នាក់ក្នុងមួយថ្ងៃ។

លោកបានបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពង់ធំមានករណីជំងឺគ្រុនឈាមចំនួន ១,៨៥០ករណី ហើយគួរឱ្យសោកស្តាយ មានអ្នកបាត់បង់ជីវិតដោយសារជំងឺនេះចំនួន ៥នាក់។ ដើម្បីទប់ស្កាត់ការរីករាលដាល មន្ត្រីសុខាភិបាល និងក្រុមការងារកម្មវិធីគ្រុនឈាម បានបន្តចុះអប់រំផ្សព្វផ្សាយនៅតាមបណ្តាសហគមន៍នានា។

សម្រាប់សកម្មភាពនៅភូមិស្រយ៉ូវត្បូង ក្រុមការងារបានណែនាំប្រជាពលរដ្ឋអំពីវិធីបង្ការ និងកាត់ផ្តាច់ប្រភពកំណើតមូសខ្លា ព្រមទាំងចុះបាញ់ថ្នាំផ្សែងកម្ចាត់មូស ដាក់ថ្នាំអាបែតក្នុងពាង និងធុងស្តុកទឹក និងណែនាំឱ្យសម្អាតបរិវេណជុំវិញផ្ទះ ដោយមិនទុកឱ្យមានទឹកដក់នៅតាមវត្ថុផ្សេងៗ។

មន្ត្រីសុខាភិបាលបានគូសបញ្ជាក់ថា ការបាញ់ថ្នាំផ្សែងតែមួយមុខ មិនអាចទប់ស្កាត់ជំងឺគ្រុនឈាមបានទាំងស្រុងនោះទេ។ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសម្អាតបរិស្ថាន លុបបំបាត់ប្រភពទឹកដក់ និងកាត់ផ្តាច់ប្រភពកំណើតដង្កូវទឹក គឺជាវិធានការដ៏សំខាន់ក្នុងការកាត់បន្ថយមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ជាមួយគ្នានេះ ក្រុមការងារក៏បានជំរុញឱ្យប្រជាពលរដ្ឋរួមគ្នាអនុវត្តវិធានការបង្ការ ដោយថែរក្សាអនាម័យបរិស្ថានក្នុង និងជុំវិញលំនៅឋាន មិនទុកឱ្យមានកន្លែងដក់ទឹក និងត្រួតពិនិត្យពាង ធុង ឬកន្លែងស្តុកទឹកជាប្រចាំ ដើម្បីកាត់ផ្តាច់ប្រភពកំណើតមូសខ្លា។

លោកវេជ្ជបណ្ឌិត កែវ ដារី បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តសហការគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម។ ជាពិសេស ប្រសិនបើសមាជិកគ្រួសារមានអាការៈសង្ស័យ ត្រូវប្រញាប់នាំទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ថា ការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម មិនមែនជាតួនាទីរបស់មន្ទីរសុខាភិបាលតែមួយមុខនោះទេ ប៉ុន្តែត្រូវការការចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីរួមគ្នាកាត់បន្ថយការរីករាលដាលនៃជំងឺ និងការពារសុខភាពសហគមន៍។