ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារវីរយុទ្ធជន ការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ទិសទីមួយ តំបន់ប្រសាទព្រះវិហារ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នមានជីវភាពលំបាកខ្វះខាតកំពុងរស់នៅភូមិស្នោរ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកស្រី អ៊ន ភី អាយុ ៤៨ ឆ្នាំ មានកូន ចំនួន ១ នាក់ និងមានឪពុកចាស់ជរា ចំនួន ១ នាក់នៅក្នុងបន្ទុក បានរៀបរាប់ថា គាត់មានស្វាមី ឈ្មោះ ម៉ៅ សត្យា អាយុ ៥២ ឆ្នាំ មានឋានន្តរសក្តិអនុសេនីយ៍ឯក បម្រើការងារនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងប្រចាំការបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ។ មុនពេលសង្គ្រាមឈ្លានពានពីទាហានថៃ កើតឡើង នៅតាមខ្សែបន្ទាត់ព្រំដែន គាត់និងកូនព្រមទាំងឪពុកចាស់ជរារស់នៅជាមួយស្វាមី នៅតំបន់ព្រំដែនកម្ពុជា ថៃ ដោយបានទទួលផ្ទះមួយខ្នងពីរាជរដ្ឋាភិបាលបានផ្ដល់ជូនសម្រាប់ស្នាក់អាស្រ័យផងដែរ។ តែមកដល់ពេលនេះ ដោយសារមានសង្គ្រាមឈ្លានពានកើតឡើង ស្វាមីរបស់គាត់បានឱ្យគាត់មករស់នៅស្រុកកំណើតវិញ ប៉ុន្តែគាត់មិនទាន់មានកន្លែង ឬផ្ទះស្នាក់នៅឲ្យបានសមរម្យនៅឡើយ ហើយជីវភាពក៏មានការលំបាកខ្វះខាត។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាននាំយកនៅស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារគាត់រួមមានអង្ករចំនួន ៥០ គីឡូក្រាម មីជាតិចំនួន ២ កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២ យួរ និងត្រីខកំប៉ុងចំនួន ២ យួរផងដែរ និងសុំឲ្យក្រុមគ្រួសារគាត់ទទួលបាននូវសុខភាពល្អ ហើយក្នុងនាមកងទ័ពនៅសមរភូមិក្រោយ និងបន្តជួយគាំទ្រដល់បងប្អូនក្រុមគ្រួសារវីរយុទ្ធជន ដែលនៅសមរភូមិមុខជានិច្ច ។
លោកស្រី អ៊ន ភី ជាភរិយារបស់វីរកងទ័ពនៅសមរភូមិមុខ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោ ស៊ុន និងសហការី ដែលបាននាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ មកឧបត្ថម្ភជូនគាត់ ដែលកំពុងមានការខ្វះខាតនៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃា្លតឡើយ ។ដោយpncnews

