ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមការអញ្ជើញរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងកិច្ចសហប្រតិបត្តិការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលទ្ធផលសំខាន់ៗនៃការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ និងបញ្ជាក់ជូនអំពីលទ្ធផលសំខាន់ៗនៃការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលកន្លងទៅ។ ដោយបានបញ្ជាក់ថា ការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិមិនមានការកើតឡើងជាថ្មីទៀតឡើយ។ ហើយការកាយប្រឡាយក្រវ៉ាត់ព្រំដីរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ធ សម្រេចភារកិច្ច ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ ជាមួយនោះដែរ ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពេញភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បានធ្វើឲ្យបទល្មើសនេសាទមានការថយចុះគួរឲ្យកត់សម្គាល់ ទើបតែពេលថ្មីៗនេះ នៅក្នុងរដូវទឹកឡើងដោយជំនន់ទឹកភ្លៀង និងទឹកបឹងទន្លេសាបរាជចូលក្នុងព្រៃរនាម ធ្វើឲ្យបទល្មើសកើតឡើងជាថ្មី ដែលបច្ចុប្បន្ននេះ កងកម្លាំងកំពុងបំពេញភារកិច្ចក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នេះជាបន្តបន្ទាប់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងនៅបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ និងបានប្ដេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី នៅក្នុងខេត្ត ក្នុងការបន្តភារៈកិច្ចការពារធនធានធម្មជាតិ តាមបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹកថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការក្នុងការបំពេញភារកិច្ច ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ និងបានសំណូមពរសុំឱ្យបន្តកិច្ចសហប្រតិបត្តិការនេះឲ្យទទួលបានជោគជ័យបន្ថែមទៀត។bypncnews

