(កំពង់ធំ): ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៦បានផ្ដល់បទសម្ភាសន៍ លើកឡើងចាត់ទុកមណ្ឌលសុខភាពប្រតោងកំពុងផ្ដល់អត្ថប្រយោជន៍សំខាន់សម្រាប់ ជីវភាពនិងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជនបទ។

 


លោក ចាន់ ប៊ុនសា មេឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានលើកឡើងថា មណ្ឌលសុខភាពប្រតោង កំពុងមានតួនាទីសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមានការគាំទ្រពីប្រជាពលរដ្ឋ និងបន្តផ្តល់សេវា២៤ ម៉ោងលើ ២៤ ម៉ោងនិង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

      លោក ចាន់ ប៊ុនសា មេឃុំស្វាយភ្លើង



រីឯប្រជាពលរដ្ឋដែលកំពុងមកទទួលសេវាផ្ទាល់នៅមណ្ឌលសុខភាពនេះ ឈ្មោះ ស្រី ឈន រស់នៅភូមិឫស្សី ល ឃុំស្វាយភ្លើង ស្រុកតាំងគោក ដែលមានវ័យជាង៧០ឆ្នាំ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់លើការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សវ័យចំណាស់ ដែលកំពុងត្រូវការរថែទាំសុខភាព។ ប្រជាពលរដ្ឋវ័យចំណាស់រូបនេះ បានបញ្ជាក់ថា គាត់មកទទួលសេវានៅមណ្ឌលសុខភាព ទទួលបានថ្នាំព្យាបាលដោយទទួលបានសិទ្ធិ មិនចំណាយអស់ថវិកា និងវ័យត្រូវការថែទាំសុខភាពជាប្រចាំ។

 

លោក ស្រី ឈន រស់នៅភូមិឫស្សី ល ឃុំស្វាយភ្លើង



ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួនទៀត ដែលកំពុងមកទទួលសេវា នៅមណ្ឌលសុខភាពនេះ បានលើកឡើងអំពីអត្ថប្រយោជន៍ ប្រើប្រាស់ប័ណ្ណសមធម៌ និងប័ណ្ណប.ស.ស ដែលមានសិទ្ធិ អាចទទួលបានសេវាសុខាភិបាលតាមកញ្ចប់ អត្ថប្រយោជន៍ និងលក្ខខណ្ឌដែលបានកំណត់ជួយកាត់បន្ថយបន្ទុកចំណាយលើការថែទាំសុខភាពរបស់ពួកគេ។


 


លើសពីនេះប្រជាពលរដ្ឋក៏បានលើកឡើងកត់សម្គាល់ពីការបម្រើរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅមណ្ឌលសុខភាពប្រតោង ដែលពួកគេចាត់ទុកថា មានសារៈសំខាន់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយគ្រូពេទ្យយកចិត្តទុកដាក់លើអ្នកជំងឺ និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនមានការរើសអើង។


តាមការលើកឡើងរបស់តំណាងមណ្ឌលសុខភាពប្រតោង  លោកស្រី ហាក់ សុចរិយា ក្នុងបទសម្ភាសន៍នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា  មណ្ឌលសុខភាពប្រតោង គ្របដណ្តប់លើ ៣ឃុំ និង ១២ភូមិ មានប្រជាពលរដ្ឋប្រមាណ ១០៤៣០នាក់។ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៦ មណ្ឌលសុខភាពបានផ្តល់សេវាពិនិត្យ និងពិគ្រោះជំងឺក្រៅសរុប ៥៧៥៧ ករណី
ទិន្នន័យនេះ បង្ហាញពីតម្រូវការសេវាសុខាភិបាលនៅមូលដ្ឋាន និងតួនាទីរបស់មណ្ឌលសុខភាពក្នុងការធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានសេវានៅជិតលំនៅឋាន។


  លោកស្រី ហាក់ សុចរិយា (រូបឈរកណ្ដាល)



ជាពិសេស ការភ្ជាប់សេវាសុខាភិបាលជាមួយប្រព័ន្ធគាំពារសង្គម កាន់តែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ទូទៅនិងអ្នកដែលមានសិទ្ធិទទួលការគាំពារ។ ជារួមការលើកឡើងរបស់អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋានបានឆ្លុះបញ្ចាំងពីតម្លៃសេវាសុខាភិបាល ស្របតាមគោលនយោបាយគាំពារសុខភាព របស់រាជរដ្ឋាភិបាល កំពុងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។