កំពង់ធំ៖ ការផ្សព្វផ្សាយព័ត៌មានស្តីពីសេវាសុខាភិបាលឱ្យបានទូលំទូលាយ និងច្បាស់លាស់ គឺជាចំណុចសំខាន់មួយក្នុងការជួយឱ្យប្រជាពលរដ្ឋស្គាល់សេវាដែលមាននៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងយល់ដឹងពីអត្ថប្រយោជន៍នៃប័ណ្ណគាំពារសុខភាពសង្គម និងលទ្ធភាពក្នុងការទទួលសេវាសុខាភិបាល។

ក្នុងគោលបំណងនេះ លោកស្រី ង៉ែត ណារីន និងសហការី បានជួបពិភាក្សាការងារជាមួយលោក លី ឡុងហ៊ាង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង និងមន្ត្រីសុខាភិបាលស្រុកស្ទោង ដើម្បីពិភាក្សាអំពីកិច្ចសហការផលិត និងផ្សព្វផ្សាយព័ត៌មានស្តីពីសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសតាម មន្ទីរពេទ្យបង្អែកនិង មណ្ឌលសុខភាព/ប៉ុស្តិ៍សុខភាព ដើម្បីឱ្យព័ត៌មានជ្រាបដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាដោយផ្ទាល់។

លោក លី ឡុងហ៊ាង បានរាយការណ៍ឱ្យដឹងថាការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោងគ្របដណ្តប់ស្រុករដ្ឋបាលចំនួន២៖ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក ដែលមានប្រជាជនសរុប១៦០៨៧០នាក់ មានមន្ទីរពេទ្យបង្អែកស្ទោងផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២(CPA2)ចំនួន១ ,មណ្ឌលសុខភាពចំនួន ១១ និងប៉ុស្តិ៍សុខភាពចំនួន ២  កំពុងបម្រើសេវាជូនប្រជាពលរដ្ឋជាប្រចាំ ។
តាមរបាយការណ៍ ចាប់ពីខែមករា ដល់ចុងខែសីហា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានមកទទួលសេវាសុខាភិបាលទូទៅសរុបចំនួន ១៦,៦៩៥នាក់។ ក្នុងចំណោមអ្នកមកទទួលសេវាទាំងនេះ មានប្រមាណ ៦៣ ភាគរយ បានប្រើប្រាស់ប័ណ្ណគាំពារសុខភាពសង្គម និងគោលការណ៍ជំនួយផ្សេងៗ សម្រាប់ការទទួលសេវាសុខាភិបាល។

លោក លី ឡុងហ៊ាង បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្ទោង មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព កំពុងយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយផ្តោតលើគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ព្រមទាំងមិនមានការរើសអើង។ ការផ្តល់សេវារួមមានការពិនិត្យ ព្យាបាល និងថែទាំសុខភាព ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកស្រី ង៉ែត ណារីន បានលើកឡើងថា ការសហការគ្នារវាងវិស័យព័ត៌មាន និងវិស័យសុខាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវអំពីសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ព្រមទាំងអត្ថប្រយោជន៍នៃប័ណ្ណសមធម៌ ប័ណ្ណ ប.ស.ស. និងគោលការណ៍ជំនួយផ្សេងៗ នឹងជួយឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ និងងាយស្រួលក្នុងការចូលមកទទួលសេវា។

លោកស្រីបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានសេវាសុខាភិបាលឱ្យបានត្រឹមត្រូវ និងទូលំទូលាយ មិនត្រឹមតែជួយឱ្យប្រជាពលរដ្ឋស្គាល់សេវាដែលមាននៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបើកឱកាសឱ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់ និងឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែង ដើម្បីរួមចំណែកកែលម្អសេវាសុខាភិបាលឱ្យកាន់តែឆ្លើយតបនឹងតម្រូវការរបស់សហគមន៍។