កំពង់ធំ៖នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ បានប្រើប្រាស់វិធានការជំនាញ ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ និងដកហូតម៉ូតូ
ចំនួន៣ គ្រឿង ករណីហិង្សាដោយចេតនា ។
ហេតុការណ៍នេះ កើតឡើងកាលថ្ងៃទី១១ ខែ តុលាឆ្នាំ២០២៦វេលាម៉ោង១៦ និង២២ នាទី លើដងផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចមុខវិទ្យាល័យកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីហិង្សា ដោយចេតនាបង្ករឡើងដោយជនសង្ស័យចំនួន០១ក្រុម មានគ្នា០៣នាក់ ជិះម៉ូតូ០៣ គ្រឿង ទៅលើជនរងគ្រោះឈ្មោះ ធា រិទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យមានរងរបួស ០១កន្លែង បែកក្បាលផ្នែកខាងមុខ(របួសស្រាល)។
+ជនសង្ស័យឈ្មោះ៖
១-ឈ្មោះ យេត ណាត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិខ្សាច់ជីរោះ ឃុំកំពង់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ (ជាជនដៃដល់)។
២-ឈ្នោះទិន ជិន ហៅ(តន) ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកំពង់គោ លើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ (បក្ខពួក)។
ទី៣-ឈ្មោះ ហោ តុងហាក់ ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (បក្ខពួក)។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីអនុវត្តន៍ ច្បាប់ ៕ដោយpncnews

